bih.button.backtotop.text

អត្ថប្រយោជន៍ដ៏វិសេសវិសាលនៃការវះកាត់ដោយមនុស្សយន្តក្នុងការព្យាបាលជំងឺមហារីកប្រព័ន្ធបង្ហួរនោម

 

អត្ថប្រយោជន៍ដ៏វិសេសវិសាលនៃការវះកាត់ដោយមនុស្សយន្តក្នុងការព្យាបាលជំងឺមហារីកប្រព័ន្ធបង្ហួរនោម


ការវះកាត់មានជំនួយពីមនុស្សយន្តត្រូវទទួលបានការប្រើប្រាស់កាន់តែទូលំទូលាយក្នុងការព្យាបាលជំងឺមហារីកប្រព័ន្ធទឹកនោម។
 
ប្រព័ន្ធបង្ហួរនោមមានសរីរាង្គជាច្រើនដែលធ្វើការរួមគ្នាដើម្បីផលិតនិងបណ្ដេញទឹកនោមចេញពីរាងកាយ។
#ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តាត
# មហារីកតម្រងនោម
# សុខភាពបុរស
# ការវះកាត់ដោយរ៉ូបតមនុស្សយន្ត
# ការវះកាត់ដ៏មានហានិភ័យទាបបំផុត

ប្រព័ន្ធបង្ហួរនោមមានសរីរាង្គជាច្រើនដែលធ្វើការរួមគ្នាដើម្បីផលិតនិងបណ្ដេញទឹកនោមចេញពីរាងកាយ។ សរីរាង្គសំខាន់ៗដែលធ្វើការរួមគ្នាក្នុងដំណើរការនេះគឺមានដូចជាតម្រងនោម បំពង់ទឹកនោម ប្លោកនោម បង្ហួរនោម និងចំពោះបុរសគឺមានក្រពេញប្រូស្តាតដែលជាសរីរាង្គមួយស្ថិតនៅក្រោមប្លោកនោមផងដែរ។
 
អាការរោគទូទៅបំផុតនៃជំងឺប្រព័ន្ធបង្ហួរនោម មានដូចជាជំងឺរលាកបង្ហួរនោម បញ្ហាតម្រងនោម បញ្ហាបំពង់ទឹកនោម និងគ្រួសក្នុងប្លោកនោម ជំងឺតម្រងនោមរ៉ាំរ៉ៃ និងមហារីកបំពង់ផ្លូវទឹកនោម ជាពិសេសជំងឺមហារីកតម្រងនោម និងមហារីកក្រពេញប្រូស្តាតដែលជារឿយៗតែងមានទំនាក់ទំនងជាមួយសរីរាង្គទាំងនេះ។
 

ការវះកាត់មហារីកតម្រងនោមនិងក្រពេញប្រូស្តាត
មហារីកតម្រងនោមគឺជាជំងឺមួយនៃជំងឺប្រព័ន្ធបង្ហួរនោមដែលវិធីព្យាបាលដ៏មានប្រសិទ្ធភាពនិងមានអត្ថប្រយោជន៍បំផុតគឺការវះកាត់ដោយប្រើមនុស្សយន្តជាជំនួយ។ នេះក៏ដោយសារការវះកាត់នេះត្រូវបានគេចាត់ទុកថាជាការព្យាបាលជាបឋមតែម្តង ព្រោះកោសិកាមហារីកគឺជាប់នៅតាមតម្រងនោម ហើយពិតណាស់តម្រងនោមគឺជាសេរីរាង្គដែលស្ថិតនៅផ្នែកខិតទៅខាងលើក្នុងចន្លោះក្បែរសាច់ដុំឆ្អឹងខ្នង ដែលជាហេតុធ្វើឱ្យគេពិបាកក្នុងការចូលទៅវះបែបធម្មតា។ ដូច្នេះការវះកាត់មហារីកតម្រងនោមតម្រូវឱ្យគ្រូពេទ្យវះកាត់ត្រូវអនុវត្តឱ្យបានច្បាស់លាស់និងត្រឹមត្រូវបំផុតនៅពេលធ្វើការវះកាត់លើតម្រងនោម។
 
ចំពោះការវះកាត់មហារីកក្រពេញប្រូស្តាតដោយប្រើមនុស្សយន្ត វិធីសាស្រ្តនេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយគ្រូពេទ្យជំនាញវះកាត់នៅជុំវិញពិភពលោកអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ ក្នុងករណីនេះផងដែរ ការវះកាត់ត្រូវបានគេចាត់ទុកជាការពិបាកស្មុគស្មាញគួរសម ព្រោះក្រពេញប្រូស្តាតគឺជាសរីរាង្គដែលពិបាកចុះទៅដល់ ដែលនេះគឺជាឧបសគ្គសម្រាប់ការវះកាត់បែបធម្មតាទូទៅព្រោះត្រូវខំរក្សាសរសៃប្រសាទជុំវិញ សរសៃឈាម និងសាច់ដុំ ដើម្បីរក្សាតួនាទីរបស់ប្រព័ន្ធបង្ហួរនោមនិងអវៈយវៈភេទឱ្យនៅតំណើរបានប្រក្រតី។
 
ការប្រើមនុស្សយន្តជាជំនួយក្នុងការវះកាត់បានជួយគ្រូពេទ្យអាចប្រតិបត្តិការណ៍ការវះកាត់បានស្ទើរគ្រប់ជ្រុងជ្រោយទាំងអស់តាមតម្រូវការចាំបាច់នៃទំរង់ការវះកាត់ ព្រោះឧបករណ៍គ្រឿងយន្តអាចធ្វើការបំលាស់ទីបានដោយសេរីនិងងាយស្រួលចូលតាមទីចង្អៀត ឬទីជ្រៅជាងការដែលដៃមនុស្សអាចធ្វើបាន។ វិធីនេះផ្ដល់នូវលទ្ធិផលអស្ចារ្យណាស់គឺភាពជាក់លាក់ខ្ពស់ក្នុងការវះកាត់ដែលទាក់ទងនឹងក្រពេញប្រូស្តាត កន្លែងដែលខ្ជឹបនិងកន្លែងសម្បូរសរសៃប្រសាទ ដែលវិធីវះកាត់នេះនឹងផ្តល់ឱ្យអ្នកជំងឺនូវសមត្ថភាពអាចគ្រប់គ្រងលើការបត់ជើងនិងការរួមភេទបានដដែល។
 

នីតិវិធីវះកាត់
នៅពេលដែលការប្រើថ្នាំសន្លប់ និងការចាក់ថ្នាំស្ពឹកត្រូវបានអនុវត្តដោយអ្នកជំនាញខាងថ្នាំសន្លប់ អ្នកជំងឺត្រូវបានដាក់នៅចំហៀងក្បែរមនុស្សយន្ត។​ តាមរយៈដៃមនុស្សយន្តគេមានភ្ជាប់បញ្ចូលកាមេរ៉ានិងឧបករណ៍វះកាត់ចូលតាមប្រឡោះតូចៗចំនួនបួននៅលើពោះអ្នកជំងឺ។ ក្នុងអំឡុងពេលវះកាត់ ពោះអ្នកជំងឺត្រូវបានបំប៉ោងដោយកាបូនឌីអុកស៊ីតដើម្បីបង្កើតជាប្រឡោះទំនេរឲ្យបានច្រើនដើម្បីអាចឱ្យគ្រូពេទ្យវះកាត់អាចមើលឃើញផ្នែកខាងក្នុងនៃរាងកាយបានកាន់តែច្បាស់។
 
ក្នុងកំឡុងពេលវះកាត់ដោយប្រើមនុស្សយន្ត គ្រូពេទ្យអាចធ្វើការវះកាត់បានរឹតតែស្រួលនៅក្នុងបន្ទប់ប្រតិបត្ដិការ ខណៈពេលកុំព្យូទ័រនឹងបញ្ជូនជាសញ្ញាជាក់ស្តែងពីចលនាដៃ កដៃ និងម្រាមដៃរបស់គ្រូពេទ្យវះកាត់ទៅឧបករណ៍វះកាត់ដែលភ្ជាប់នឹងដៃមនុស្សយន្តដើម្បីអនុវត្តការវះកាត់លើអ្នកជំងឺ។ ម៉ាស៊ីនថតពង្រីកដែលមានសមត្ថភាពខ្ពស់កំរិតHD  បានផ្តល់ជូនគ្រូពេទ្យនូវរូបភាព 3D ដូចជាសរីរាង្គក្នុងរាងកាយ ជាលិកា និងសរសៃប្រសាទរបស់អ្នកជំងឺ ដូច្នេះការវះកាត់បែបនេះអាចផ្ដល់នូវការមើលឃើញដ៏គ្រប់ជ្រុងជ្រោយនិងការយល់ឃើញយ៉ាងស៊ីជម្រៅ មិនដូចការវះកាត់បែបធម្មតាទូទៅនោះឡើយ។


លក្ខខណ្ឌប្រឈមនៃការវះកាត់តម្រងនោម
ចំពោះជំងឺមហារីកតម្រងនោម ការវះកាត់យកដុំសាច់កាចចេញ និងការដេរភ្ជិតជាលិកាតម្រងនោមទាំងឡាយត្រូវធ្វើឡើងក្នុងពេលតែមួយ គឺពេលគ្មានលំហូរឈាមទៅកាន់តម្រងនោម។ ដើម្បីសម្រេចការងារនេះ គ្រូពេទ្យវះកាត់ត្រូវប្រើឧបករណ៍កៀបបញ្ឈប់លំហូរឈាមទៅកាន់តម្រងនោមជាបណ្តោះអាសន្ន។ ទោះយ៉ាងណាដើម្បីថែរក្សាតម្រងនោម ការទប់លំហូរឈាមនេះក៏គួរមិនធ្វើឲ្យលើសពី២៥ ទៅ៣០នាទីដែរ។
 
ការវះកាត់ផ្នែកខ្លះនៃតម្រងនោម៖ ការវះកាត់ផ្នែកខ្លះនៃតម្រងនោម គឺជាការប្រឡងប្រណាំងជាមួយពេលវេលា ហើយទាំងការវះកាត់និងដេរភ្ជិតថ្នេរត្រូវតែមានភាពច្បាស់លាស់និងជំនាញខ្ពស់។ ក្រោយពេលវះកាត់វេជ្ជបណ្ឌិតនឹងដាក់បំពង់បង្ហូរទឹកជាប់នឹងពោះដើម្បីបង្ហូរទឹករងៃ ទឹកនោម និងឈាមមួយចំនួនចេញពីមុខរបួស។ បំពង់បង្ហូរនេះនឹងត្រូវដកចេញក្នុងរយៈពេល២ ទៅ ៣ថ្ងៃក្រោយការវះកាត់ ហើយគ្រូពេទ្យវះកាត់នឹងពិនិត្យរកការលេចធ្លាយទឹកនោមនានាពីរបួសវះកាត់។ តាមទំរង់ការនៃការវះកាត់តម្រង់នោមនេះត្រូវចំណាយពេលប្រហែល៣ម៉ោង។
 

ការវះកាត់ក្រពេញប្រូស្តាតដោយមនុស្សយន្ត
ក្នុងកំឡុងពេលវះកាត់មហារីកក្រពេញប្រូស្តាត វេជ្ជបណ្ឌិតត្រូវវះកាត់យកចេញនូវក្រពេញប្រូស្តាតនិងជាលិកាជុំវិញ រួមទាំងបំពង់បង្ហូរទឹកកាម ថង់ទឹកកាម និងក្រពេញទឹករងៃខ្លះ។ កន្លែងទាំងនោះហើយដែលប្លោកនោមត្រូវបានដេរភ្ជាប់ទៅវិញនឹងផ្លូវបង្ហួរនោមដើម្បីរក្សាមុខងារផ្លូវតម្រងនោមឲ្យធ្វើការជាប្រក្រតីបន្តទៀត។
 
បន្ទាប់ពីការវះកាត់ បំពង់បង្ហូរទឹកនឹងត្រូវបានដាក់ភ្ជាប់តាមរយៈស្នាមវះនៃមុខរបួសដែលនៅលើពោះដើម្បីពិនិត្យរកការលេចធ្លាយទឹកនោមចេញពីកន្លែងវះកាត់។ បំពង់ទាំងនេះនឹងត្រូវភ្ជាប់ទុករយៈពេលប្រហែលជាបីឬបួនថ្ងៃ។ ហើយបំពង់ទុយយោបង្ហូរទឹកនោមក៏នឹងត្រូវបានសុងភ្ជាប់រយៈពេលប្រហែល ៧ថ្ងៃដែរ ដើម្បីបង្ហូរទឹកនោមចេញពីរាងកាយ។ សម្រាប់ការវះកាត់ក្រពេញប្រូស្តាតជាធម្មតាត្រូវចំណាយពេ ២ ទៅ ៣ម៉ោង។
 

អត្ថប្រយោជន៍នៃការវះកាត់ដោយមនុស្សយន្ត
ការប្រើប្រាស់ការវះកាត់ដោយប្រើមនុស្សយន្តបានក្លាយជារឿងធម្មតាទៅហើយក្នុងការព្យាបាលអ្នកជំងឺមហារីកប្រព័ន្ធបង្ហួរនោម ដោយត្រូវអរគុណដល់ជំនាញបច្ចេកវិទ្យានៃគ្រឿងយន្តដែលជួយសម្រួលដល់គ្រូពេទ្យវះកាត់ នេះបើធៀបនឹងការវះកាត់បែបបើក និងបែបប្រើកាមេរ៉ាឆ្លុះធម្មតា ដោយការវះកាត់ប្រើមនុស្សយន្តអាចមើលឃើញច្បាស់តាមបច្ចេកវិទ្យា 3D ដែលមានសមត្ថភាពចាប់រូបភាពបានច្បាស់គ្រប់វិនាទីពីម៉ាស៊ីនថតដែលមានគុណភាពខ្ពស់កំរិត HD។ គុណសម្បត្តិទាំងនេះគឺជាកត្តាដ៏ទាក់ទាញល្អឯក ជាពិសេសសម្រាប់ការវះកាត់ទាក់ទងនឹងក្រពេញប្រូស្តាត ឬតម្រងនោម ដែលជាកន្លែងទាមទារនូវភាពជាក់លាក់និងភាពបត់បែនដ៏វៃឆ្លាតដែលជាគន្លឹះដ៏សំខាន់សម្រាប់ឆ្ពោះទៅរកភាពជោគជ័យ។
 
ដោយវិជ្ជបណ្ឌិតធីរៈផន់ អម៉នវេជ្ជៈសុគិត អ្នកជំនាញឯកទេសជំងឺប្រព័ន្ធតម្រងនោម ការវះកាត់ដោយប្រើកាមេរ៉ា និងការវះកាត់ដោយប្រើមនុស្សយន្តនាមន្ទីរពេទ្យអន្តរជាតិបាំរុងរ៉ាដ។
 
 
For more information please contact: