សេចក្តីប្រកាសស្តីពីសិទ្ធិរបស់អ្នកជំងឺ
យើងខ្ញុំអាចផ្តល់ការថែទាំសុខភាពល្អប្រសើរបាននៅពេលដែលអ្នកជំងឺ និងក្រុមគ្រួសារចូលរួមសហការជាមួយបុគ្គលិកក្រុមការងាររបស់យើងខ្ញុំ ខាងមន្ទីរពេទ្យទទួលបន្ទុកក្នុងការផ្តល់ដំបូន្មានទៅដល់អ្នកអំពីសិទ្ធិរបស់អ្នកក្នុងនាមជាអ្នកជំងឺ ហើយអ្នកក៏មានទំនួលខុសត្រូវចំពោះការព្យាបាល និងការថែទាំខ្លួនរបស់អ្នកផ្ទាល់ផងដែរ។ ខាងមន្ទីរពេទ្យលើកទឹកចិត្តអ្នកចោទជាសំណួរ ដើម្បីជាការសហការ និងចូលរួមក្នុងផែនការនៃការថែទាំ ប្រសិនបើអ្នកមានចម្ងល់ដែលទាមទារឲ្យមានការពន្យល់អំពីបញ្ហានេះ សូមធ្វើការពិគ្រោះជាមួយបុគ្គលិក ឬអ្នកគ្រប់គ្រង។
ក្នុងអំឡុងពេលដែលអ្នកសម្រាកនៅក្នុងមន្ទីរពេទ្យយើងខ្ញុំ អ្នកនឹងទទួលបានសិទ្ធិក្នុងនាមជាអ្នកជំងឺដូចខាងក្រោម
- អ្នកជំងឺទាំងអស់មានសិទ្ធិជាមូលដ្ឋានលើសេវាថែទាំវេជ្ជសាស្រ្តនិងសេវាសុខាភិបាលតាមស្តង់ដារវិជ្ជាជីវៈដោយគ្មានការរើសអើងដែលត្រូវបានអនុម័តជាផ្លូវការនៅក្នុងរដ្ឋធម្មនុញ្ញថៃ។
- អ្នកជំងឺមានសិទ្ធិទទួលបានព័ត៌មានពិត និងគ្រប់គ្រាន់អំពីជំងឺ ការត្រួតពិនិត្យ ការព្យាបាល លទ្ធផលល្អ និងអាក្រក់ពីការពិនិត្យ ក៏ដូចជាអត្ថប្រយោជន៍ និងហានិភ័យនៃការពិនិត្យពីគ្រូពេទ្យ ជាភាសាដែលអ្នកជំងឺអាចងាយស្រួលយល់បាន ដើម្បីឱ្យអ្នកជំងឺអាចជ្រើសរើសសម្រេចចិត្តថាតើត្រូវយល់ព្រម ឬមិនយល់ព្រមទទួលសេវាកម្មវេជ្ជសាស្ត្រពីគ្រូពេទ្យជំនាញដែលព្យាបាលពួកគេ លើកលែងតែក្នុងករណីស្ថិតក្នុងការសង្គ្រោះបន្ទាន់ និងស្ថានភាពក្នុងលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺ។
- អ្នកជំងឺដែលមានគ្រោះថ្នាក់និងមានហារនិភ័យខ្ពស់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ឬ គំរាមកំហែងដល់ជីវិត មានសិទ្ធិទទួលបានការព្យាបាលសង្គ្រោះបន្ទាន់ភ្លាមៗពីគ្រូពេទ្យជំនាញ ដោយមិនចាំបាច់មានការស្នើការព្យាបាលពី
អ្នកជំងឺ។
- អ្នកជម្ងឺមានសិទ្ធិដឹងពីនាមខ្លួននិងនាមត្រកូលនៃគ្រូពេទ្យជំនាញដែលមើលថែនិងព្យាបាលគាត់។
- អ្នកជំងឺមានសិទ្ធិក្នុងការស្នើសុំយោបល់ទីពីរពីគ្រូពេទ្យឯកទេសវេជ្ជសាស្ត្រដទៃទៀត បើទោះជាគ្រូពេទ្យនោះមិនបាន ផ្តល់ការថែទាំព្យាបាលដល់ពួកគេក៏ដោយ ក៏ដូចជាសិទ្ធិស្នើសុំការផ្លាស់ប្តូរគ្រូពេទ្យជំនាញ ឬការផ្លាស់ប្តូរមន្ទីរពេទ្យ ទាំងនេះមានស្រាប់នៅក្នុងលក្ខខណ្ឌនៃសិទ្ធិព្យាបាលរបស់អ្នកជំងឺ ។
- អ្នកជំងឺមានសិទ្ធិលាក់បាំងព័ត៌មានផ្ទាល់ខ្លួន លើកលែងតែអ្នកជំងឺផ្តល់ការយល់ព្រម ឬ ស្របទៅតាមដំណើរការនៃ និតិវិធីរបស់គ្រូពេទ្យជំនាញ ដើម្បីជាផលប្រយោជន៍សម្រាប់អ្នកជំងឺផ្ទាល់ ឬស្របទៅតាមផ្លូវច្បាប់ ។
- អ្នកជំងឺមានសិទ្ធិទទួលបានព័ត៌មានពេញលេញនៅក្នុងការសម្រេចចិត្តរបស់ពួកគេដើម្បីចូលរួម ឬដកខ្លួនចេញពីក្រុមអ្នកជំងឺដែលត្រូវធ្វើការសិក្សាពិសោធន៍សាកល្បងស្រាវជ្រាវពីគ្រូពេទ្យឯកទេស។
- អ្នកជំងឺមានសិទ្ធិទទួលបានព័ត៌មានពាក់ព័ន្ធជាមួយនិងការព្យាបាលរបស់ខ្លួនផ្ទាល់
ដែលមាននៅក្នុងកំណត់ត្រាវេជ្ជសាស្រ្តរបស់ពួកគេ នៅពេលដែលមានការស្នើសុំដោយយោងទៅតាមនីតិវិធីនៃ
ស្ថាប័នវេជ្ជសាស្ត្រនោះ ដោយមិនប៉ះពាល់ដល់ការរំលោភលើសិទ្ធិ ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដទៃឡើយ។
- មាតា បិតា ឬអាណាព្យាបាលដែលស្របទៅតាមផ្លូវច្បាប់ មានសិទ្ធិជំនួសអ្នកជំងឺដែលជាអនិតិជនអាយុក្រោមដប់
ប្រាំបីឆ្នាំ ជនពិការផ្លូវកាយ ឬ ផ្លូវចិត្ត ដែលមិនអាចអនុវត្តប្រើប្រាស់សិទ្ធិដោយខ្លួនឯងផ្ទាល់បាន។
ប្រសិនបើអ្នកមានសំណួរ មានចម្ងល់ ឬត្រូវការបញ្ចេញមតិផ្ដល់យោបល់ សូមទាក់ទងមកកាន់យើងខ្ញុំតាមរយ:
- រាយការណ៍ផ្ទាល់ទៅកាន់បុគ្គលទទួលបន្ទុក (គិលានុបដ្ឋាយិកាឬវេជ្ជបណ្ឌិត)
- សរសេរការបញ្ចេញមតិយោបល់របស់អ្នកនៅលើលិខិតកម្រងសំណួរមតិ ហើយប្រគល់វាទៅឲ្យបុគ្គលិក ឬដាក់ក្នុងប្រអប់បញ្ចេញមតិដែលបានរៀបចំឲ្យនៅមន្ទីរពេទ្យ
- ទូរស័ព្ទទៅកាន់មជ្ឈមណ្ឌលទំនាក់ទំនង ( ចុច “00” ពីទូរស័ព្ទក្នុងមន្ទីរពេទ្យ ឬ 0-2066-8888 ពីទូរស័ព្ទខាងក្រៅ )
- ផ្ញើអ៊ីមែលទៅកាន់ [email protected]
ទំនួលខុសត្រូវរបស់អ្នកជំងឺ
- អ្នកជំងឺគួរស្នើសុំឱ្យព័ត៌មានឲ្យបានគ្រប់គ្រាន់ ដើម្បីយល់ឲ្យបានច្បាស់នូវហានិភ័យដែលអាចកើតឡើង មុនពេលចុះហត្ថលេខាលើការយល់ព្រម ឬ មិនយល់ព្រមទទួលធ្វើការពិនិត្យរោគវិនិច្ឆ័យ ឬការព្យាបាល
- អ្នកជំងឺត្រូវផ្តល់ព័ត៌មានសុខភាព និងព័ត៌មានផ្ទាល់ខ្លួនពិតប្រាកដ ទាក់ទងទៅនឹងទិន្នន័យវេជ្ជសាស្រ្ត ឲ្យបានពេញលេញទៅកាន់បុគ្គលិកសុខាភិបាលដែលនៅក្នុងដំណើរការនៃការព្យាបាល
- អ្នកជំងឺត្រូវសហការនិងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យពាក់ព័ន្ធនឹងការព្យាបាល ប្រសិនបើអ្នកជំងឺមិនអាច អនុវត្តតាមការណែនាំបានទេ សូមជូនដំណឹងទៅដល់គ្រូពេទ្យឲ្យបានដឹង។
- អ្នកជំងឺត្រូវសហការនិងអនុវត្តតាមវិធាននិងបទបញ្ញត្តិរបស់មន្ទីរពេទ្យ ដូចខាងក្រោមនេះ
4.1 អ្នកជំងឺត្រូវមានទំនួលខុសត្រូវក្នុងការផ្តល់ព័ត៌មានឲ្យបានពេញលេញនិងត្រឹមត្រូវពាក់ព័ន្ធទៅនឹងការទូទាត់ជាមួយក្រុមហ៊ុនធានារ៉ាប់រង និងគោរពទៅតាមលក្ខខណ្ឌហិរញ្ញវត្ថុទាំងអស់ដែលទាក់ទងនឹងការព្យាបាលវេជ្ជសាស្រ្តរបស់ខ្លួនឲ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន បន្ទាប់ពីត្រូវបានជូនដំណឹង តាមគោលការណ៍របស់មន្ទីរពេទ្យ
4.2 អ្នកជំងឺត្រូវមានទំនួលខុសត្រូវក្នុងការផ្តល់ច្បាប់ចម្លងជាភស្តុតាងនៃលិខិតបញ្ជាក់ពីគោលបំណងរបស់ខ្លួនសម្រាប់ការព្យាបាល លិខិតចេតនាបដិសេធមិនទទួលសេវាសុខភាពសាធារណៈ ឬធ្វើការសម្រេចចិត្តអំពីការអនុវត្ត និងវិធីព្យាបាលដែលខ្លួនជ្រើសរើស ជាលាយលក្ខណ៍អក្សរ ដើម្បីឲ្យឯកសារនេះមានប្រសិទ្ធភាពនៅពេលដែលខ្លួនក្លាយជាអ្នកជំងឺ
4.3 អ្នកជំងឺត្រូវមានទំនួលខុសត្រូវក្នុងការមកជួបគ្រូពេទ្យតាមការណាត់ជួប និង/ឬជូនដំណឹងដល់បុគ្គលិកមន្ទីរពេទ្យឲ្យបានដឹងក្នុងករណីដែលមិនអាចមកតាមការណាត់បាន ហើយមានភាពចាំបាច់ត្រូវផ្លាស់ប្តូរពេលវេលាណាត់
4.4 អ្នកជំងឺត្រូវមានទំនួលខុសត្រូវចំពោះកិច្ចសហប្រតិបត្តិការ ផ្តល់ឱកាសឲ្យអ្នកគ្រប់គ្រងគិលានុបដ្ឋាយិកា ប្រធានផ្នែក ឬ គណៈកម្មាធិការគ្រប់គ្រងមន្ទីរពេទ្យធ្វើការកែតម្រូវដោះស្រាយបណ្តឹងឬការតវ៉ា តាមរយៈការនិយាយទៅកាន់មបុគ្គលទាំងនោះដោយផ្ទាល់ ប្រសិនបើអ្នកជំងឺមិនពេញចិត្តក្នុងរយៈពេលដ៏សមរម្យមួយ ត្រូវតែមានវិធានការពីមន្ទីរពេទ្យដើម្បីដោះស្រាយពាក្យបណ្តឹងរបស់អ្នកជំងឺ។
4.5 អ្នកជំងឺត្រូវមានទំនួលខុសត្រូវក្នុងការមិនយករបស់មានតម្លៃមកកាន់មន្ទីរពេទ្យ ហើយយកតែរបស់របរផ្ទាល់ខ្លួនដែលចាំបាច់ត្រូវការប្រើប្រាស់កំឡុងពេលសម្រាកនៅក្នុងមន្ទីរពេទ្យប៉ុណ្ណោះ ។
4.6 នៅពេលដែលការព្យាបាលបានចាប់ផ្តើមដំណើរការ អ្នកជំងឺត្រូវមានទំនួលខុសត្រូវចំពោះការមិនចាកចេញពីផ្នែកដែលខ្លួនកំពុងទទួលការព្យាបាល ឬចាកចេញពីមន្ទីរពេទ្យដោយគ្មានការអនុញ្ញាតពីវេជ្ជបណ្ឌិត ឬគិលានុបដ្ឋាយិកា ទាំងអស់នេះគឺដើម្បីរក្សាផលប្រយោជន៍ និងសុវត្ថិភាពរបស់អ្នកជំងឺផ្ទាល់។
4.7អ្នកជំងឺត្រូវមានទំនួលខុសត្រូវក្នុងការទទួលការព្យាបាលនិងថែទាំ ស្ថិតក្រោមការគ្រប់គ្រងមើលថែត្រួតពិនិត្យពីមន្ទីរពេទ្យតែប៉ុណ្ណោះ មិនអនុញ្ញាអ្នកជំងឺផ្ទាល់ សាច់ញាតិរបស់អ្នកជំងឺ ឬអ្នកជិតស្និទ្ធរបស់អ្នកជំងឺ ធ្វើការព្យាបាល និងការថែទាំពាក់ព័ន្ធទៅនិងជំនាញវេជ្ជសាស្ត្រក្នុងអំឡុងពេលស្នាក់នៅក្នុងមន្ទីរពេទ្យ ដូចជាការកែសម្រួលអត្រានៃកម្រិតសារជាតិតាមសរសៃឈាមជាដើម លើកលែងតែការគ្រប់គ្រងថ្នាំមួយចំនួនដូចដែលបានបញ្ជាក់នៅក្នុងគោលនយោបាយរបស់មន្ទីរពេទ្យ ឬគ្រាន់តែអនុវត្តការមើលថែទាំអ្នកជំងឺមុនពេលចេញពីមន្ទីរពេទ្យប៉ុណ្ណោះ
- អនុវត្តចំពោះបុគ្គលិកសុខាភិបាល អ្នកជំងឹដទៃទៀត រួមទាំងអ្នកដែលមកសួរសុខទុក្ខ ដោយមានសុជីវធម៌និងគួរឲ្យគោរព ដែលមិនបង្កអ្វីដែលជាការរំខានប៉ះពាល់ដល់អ្នកដទៃ ។
- ជូនដំណឹងអំពីសិទ្ធិរបស់អ្នកជម្ងឺនិងបង្ហាញភស្តុតាងរបស់ខ្លួនទៅកាន់បុគ្គលិកពាក់ព័ន្ធនៅមន្ទីរពេទ្យ ។
- អ្នកជម្ងឺគួរយល់ដឹងពីលក្ខខណ្ឌនៃវេជ្ជសាស្ត្រ ដូចខាងក្រោមនេះ
7.1 បុគ្គលិកសុខាភិបាលដែលបំពេញភារកិច្ចរបស់ខ្លួនស្របតាមស្តង់ដារ និងក្រមសីលធម៌ ត្រូវទទួលបានការការពារដូចមានចែងក្នុងច្បាប់ ហើយមានសិទ្ធិទទួលបានការការពារពីការចោទប្រកាន់ដោយអយុត្តិធម៌។
7.2 ការអនុវត្តខាងវេជ្ជសាស្ត្រនៅទីនេះ គឺជាក្បួនវេជ្ជសាស្រ្តបែបបច្ចុប្បន្នដែលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រដោយចំណេះដឹងបច្ចុប្បន្នដែលផ្តល់អត្ថប្រយោជន៍ច្រើនជាងគ្រោះថ្នាក់ដល់អ្នកជំងឺ ។
7.3 ផ្នែកវេជ្ជសាស្ត្រ មិនអាចផ្តល់បាននូវ រោគវិនិច្ឆ័យ ការការពារ និង ការព្យាបាលបានជោគជ័យទាំងស្រុង ចំពោះគ្រប់ជំងឺឬលក្ខខណ្ឌនោះទេ។
7.4 រាល់ការព្យាបាលមានហានិភ័យនៃការនាំឱ្យមានព្រឹត្តិការណ៍អវិជ្ជមាន លើសពីនេះគ្រោះមហន្តរាយអាចកើតឡើង ទោះបីជាបុគ្គលិកសុខាភិបាលជំនាញប្រឹងប្រែងថែទាំព្យាបាលអស់ពីសមត្ថភាពដោយការប្រុងប្រយ័ត្នគ្រប់គ្រាន់ក៏ដោយទៅតាមស្ថានភាព និងកាលៈទេសៈនៃការព្យាបាល ។
7.5 ការពិនិត្យ ការធ្វើរោគវិនិច្ឆ័យ និងតាមដានការព្យាបាលជម្ងឺ អាចផ្តល់លទ្ធផលមិនត្រឹមត្រូវ ដោយសារបច្ចេកវិទ្យាដែលបានប្រើមានកម្រិត និងកត្តាបរិស្ថានផ្សេងទៀត ដែលមិនអាចគ្រប់គ្រងបានតាមស្តង់ដារនៃប្រតិបត្តិការ ។
7.6 គ្រូពេទ្យជំនាញមានសិទ្ធិប្រើប្រាស់ឆន្ទានុសិទ្ធិក្នុងការជ្រើសរើសនីតិវិធីព្យាបាលតាមគោលការណ៍វេជ្ជសាស្ត្រ តាមសមត្ថភាព និងដែនកំណត់ ទៅតាមលក្ខខណ្ឌ និងកាលៈទេសៈដែលមានស្រាប់ រួមទាំងការពិគ្រោះយោបល់ ឬការត្រូវបញ្ជូនបន្តដោយគិតគូរពីសិទ្ធិ និងអត្ថប្រយោជន៍ទាំងមូលរបស់អ្នកជំងឺ។
7.7 ដើម្បីជាប្រយោជន៍ខ្ពស់បំផុតសម្រាប់អ្នកជំងឺ គ្រូពេទ្យឯកទេសអាចផ្តល់យោបល់ឬផ្លាស់ប្តូរអ្នកជំងឺទៅ គ្លីនិកផ្សេងទៀតដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ ក្នុងករណីដែលអ្នកជំងឺមិនស្ថិតនៅក្នុងស្ថានភាពអាសន្នឬគំរាមកំហែងដល់អាយុជីវិត។
7.8 ការលាក់បាំងព័ត៌មានសុខភាព និងការពិតផ្សេងៗ នៃព័ត៌មានវេជ្ជសាស្ត្ររបស់អ្នកជំងឺទៅកាន់គ្រូពេទ្យជំនាញ វាអាចជះឥទ្ធិពលអាក្រក់ដល់ដំណើរការនៃការព្យាបាល ។
7.9 បន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ប្រើសម្រាប់អ្នកជំងឺសង្គ្រោះបន្ទាន់ដែលត្រូវការជាបន្ទាន់ និងស្ថិតក្នុងស្ថានភាពមានគ្រោះថ្នាក់ដល់អាយុជីវិត។
មន្ទីរពេទ្យនឹងមិនលើកលែងចំពោះការប្រើអំពើហឹង្សាលើរាងកាយ ប្រើសម្តីអសុរោះឈ្លានពាន ឬការគំរាមកំហែងគ្រប់ប្រភេទ ដល់បុគ្គលិកមន្ទីរពេទ្យ ជនណាដែលបង្កអំពើហឹង្សាលើបុគ្គលិកមន្ទីរពេទ្យ នឹងត្រូវកាត់ទោសតាមផ្លូវច្បាប់ ហើយអាចនឹងត្រូវបានហាមឃាត់មិនអោយប្រើប្រាស់សេវារបស់មន្ទីរពេទ្យនៅពេលអនាគត។
ផ្ដល់ការប្រឹក្សាអំពីសីលធម៌
គណៈកម្មាធិការក្រមសីលធម៌មន្ទីរពេទ្យមានដើម្បីពិភាក្សាជាមួយអ្នកជំងឺ និងសាច់ញាតិអំពីបញ្ហាសីលធម៌ទាក់ទងនឹងការថែទាំទៅតាមតម្រូវការរបស់អ្នកជំងឺ ក្នុងករណីដែលអ្នកចង់ធ្វើការណាត់ជួបដើម្បីទទួលការពិគ្រោះយោបល់ សូមទាក់ទងមកកាន់មជ្ឈមណ្ឌលទំនាក់ទំនងដោយចុច "00" ពីទូរស័ព្ទខាងក្នុងមន្ទីរពេទ្យ ឬ 0-2066-8888 ពីទូរស័ព្ទនៅខាងក្រៅមន្ទីរពេទ្យ ហើយនិងជូនដំណឹងដល់បុគ្គលិកថាអ្នកចង់ជួបពិគ្រោះជាមួយសមាជិកនៃគណៈកម្មាធិការក្រមសីលធម៌ ឬផ្ញើពាក្យបណ្តឹងទៅកាន់ [email protected]
ពិនិត្យឡើងវិញ ខែមករា 2024